Saturday, June 4, 2011



ជា​សិស្ស​ថ្នាក់​ទី​១២ N នៃ​វិទ្យាល័យ​ព្រះអង្គឌួងបាន​ក្លាយ​​ខ្លួន​ជា​សិស្ស​ពូកែ​​ទូទាំង​ប្រទេស​ម្នាក់​លើ​មុខវិជ្ជា​គណិតវិទ្យា។ ទាក់ទង​នឹង​លទ្ធផល​ដ៏​គួរ​ឲ្យ​កោត​សរសើរ​នេះ យុវ​សិស្ស​រូប​នេះ​ ក៏​បាន​ចូល​ខ្លួន​មក​ចែក​រំលែក​ពី​របៀប​សិក្សា និង វិធីសាស្ត្រ​មួយ​ចំនួន​ដើម្បី​ក្លាយ​ខ្លួន​ជា​សិស្ស​ពូកែ​គណិតវិទ្យា​ម្នាក់។
ការសិក្សា
ដោយ​ប្រាកដ​ក្នុង​ចិត្ត​ថា ការ​រៀន​ពូកែ​ឬ​មិន​ពូកែ មិន​មែន​អាស្រ័យ​លើ​វង្ស​ត្រកូល ពូជពង្ស​ជា​អ្នក​សិក្សា​នោះ​ទេ។ យុវ​សិស្ស​រូប​នេះ អះអាង​ថា ឪពុក​ម្ដាយ​របស់​ខ្លួន​ជា​អ្នក​ប្រកប​របរ​អាជីវកម្ម​តូចតាច ហើយ​ក៏​មិន​មែន​ជា​អ្នក​រៀន​បាន​ខ្ពស់​ណាស់​ណា​ទេ។ “គាត់​លក់​ដូរ​ ហើយ​គាត់​បាន​រៀន​តែ​ភាសា​ចិន​ប៉ុណ្ណោះ…”។

ទោះបី​ជា​ក្រុម​គ្រួសារ​មមាញឹក នឹង​ការងារ​អាជីវកម្ម​ក៏​ពិត​មែន តែ​ឪពុក​ម្ដាយ​របស់ ប៉េងហុក​មិន​ដែល​រំខាន​ពេល​វេលា​សិក្សា​របស់​កូន​ទេ។ ប៉េងហុក​ ប្រាប់​ថា បងប្អូន​ទាំង​ប្រាំ​នាក់​របស់​ខ្លួន ដោយ​រាប់​បញ្ចូល​ទាំង​រូប​ប្អូន​ផ្ទាល់​សុទ្ធ​តែ​មាន​និស្ស័យ​ចូលចិត្ត​ការ​សិក្សា ហើយ​ទទួល​បាន​លទ្ធផល​ល្អ​ក្នុង​ការ​សិក្សា​ទាំង​អស់។

ហេតុបានជា​ខ្ញុំ​ចូល​ចិត្ត​គណិតវិទ្យា?
ក្នុង​ចំណោម​មុខ​វិជ្ជា​ដែល​រៀន​ទាំង​អស់ ប៉េងហុក បាន​រក​ឃើញ​ភាព​ងាយស្រួល និង ចូលចិត្ត​បំផុត​លើ​មុខ​វិជ្ជា​គណិតវិទ្យា ដែល​ជា​មុខ​វិជ្ជា​មួយ​សិស្ស និស្សិត​ភាគ​ច្រើន​គិត​ថា​ពិបាក​រៀន​និង​ ស្មុគស្មាញ​បំផុត។

ចំណង់ចំណូលចិត្ត​នេះ មាន​តាំងពី​យុវ​សិស្ស ង៉ោ ប៉េងហុក​រៀន​នៅ​ថ្នាក់​បឋម​សិក្សា​មក​ម្ល៉េះ។ “អាច​និយាយ​បាន​ថា មក​ពី​បងៗ​ខ្ញុំ សុទ្ធ​តែ​ពូកែ​មុខវិជ្ជា​នេះ ហើយ​ពួក​គាត់​តែង​ប្រាប់​ខ្ញុំ​ថា​ត្រូវ​តែ​ខំ​រៀន”។ ប៉េងហុក បញ្ជាក់។

ង៉ោ ប៉េងហុក បន្ត​ឲ្យ​ដឹង​ថា ប្អូន​តែង​តែ​ទទួល​ស្ដាប់​និង​អនុវត្ត​ដំបូន្មាន​ល្អៗ​របស់​បងៗ​ប្រុស​របស់​ខ្លួន ដោយ​គិត​ថា​អ្នក​ទាំង​នោះ​បាន​ដើរ​មុន និង​ទទួល​បាន​បទពិសោធន៍​ច្រើន​ទាក់ទង​ការ​សិក្សា ជា​ពិសេស​លើ​មុខវិជ្ជា​គណិតវិទ្យា​នេះ​តែ​ម្ដង។ “គាត់​ថា យើង​ក៏​មិន​មែន​ជា​កូន​អ្នក​មាន យើង​មាន​តែ​ខំ​រៀន​ឲ្យ​ពូកែ​ជាង​គេ ទើប​យើង​មាន​អនាគត​ល្អ…”។ ប៉េងហុក ​រំលឹក​សំដី​ទូន្មាន​បង​របស់​ខ្លួន។

យុវ​សិស្ស រូប​នេះ បាន​ឲ្យ​ដឹង​ថា មុខ​វិជ្ជា​គណិតវិទ្យា​នេះ​មិន​ពិបាក​រៀន​ដូច​ដែល​មាន​ការ​លើក​ឡើង​ខាង​លើ​ទេ តែ​ ប៉េងហុក​គិត​ថា វា​អាស្រ័យ​ការ​យក​ចិត្ត​ទុកដាក់ និង​ចំណង់ចំណូលចិត្ត​របស់​អ្នក​រៀន​ម្នាក់ៗ​ទៅ​វិញ​ទេ។

“សម្រាប់​ខ្ញុំ ដោយ​សារ​កាល​ខ្ញុំ​នៅ​តូច បង​ប្រុស​ខ្ញុំ​ក៏​ធ្លាប់​ទទួល​បាន​មេដាយ​មាស មេដាយ​ប្រាក់​ទើប​ខ្ញុំ​មាន​ចំណាប់អារម្មណ៍​ខាង​គណិតវិទ្យា​នេះ​ដែរ…”។ ប៉េងហុក​និយាយ។

កត្តា​អ្វី​ខ្លះ​ទើប​អាច​ក្លាយ​ខ្លួន​ជា​សិស្ស​ពូកែ​គណិតវិទ្យា​ម្នាក់?

សិស្ស​ពូកែ​គណិតវិទ្យា​មក​ពី វិទ្យាល័យ​បាក់​ទូក​ ង៉ោ ប៉េងហុក រៀបរាប់​ថា​មាន​កត្តា​មួយ​ចំនួន​ដែល​រួម​ចំណែក​ក្នុង​ការ​សិក្សា​មុខ​វិជ្ជា​គណិតវិទ្យា​ឲ្យ​បាន​ពូកែ។

កត្តា​ខាង​ក្នុង(ខ្លួន​ឯង​ផ្ទាល់)ជា​កត្តា​ចំបង

ចំណង់ចំណូលចិត្ត

ប្រសិន​បើ អ្នក​ចង់​ក្លាយ​ខ្លួន​ជា​សិស្ស​ពូកែ​ម្នាក់ ត្រូវ​តែ​ចាប់​អារម្មណ៍​លើ​មុខវិជ្ជា​នេះ និង​មិន​ត្រូវ​គិត​ថា មុខ​វិជ្ជា​​នេះ​ពិបាក មិន​អាច​រៀន​ឲ្យ​បាន​ពូកែ​ដូច​គេ ឬ​ថា​អ្នក​ដែល​ពូកែ​លើ​មុខវិជ្ជា​នេះ សុទ្ធ​តែ​គេ​មាន​ដុង​ពី​កំណើត ឬ​មាន​ពូជ​ជា​អ្នក​រៀន​ពូកែ​លើ​មុខ​វិជ្ជា​នេះ នោះ​មិន​មែន​ជា​ការ​យល់​ត្រឹមត្រូវ​ឡើយ។

យុវ​សិស្ស​រូប​នេះ​ជឿជាក់​ថា មនុស្ស​ម្នាក់​ងាយ​នឹង​សម្រេច​បាន​គោលដៅ​នៅ​ពេល​ដែល​គេ​ធ្វើ​អ្វី​ដែល​ជា​ចំណូល​ចិត្ត​របស់​ខ្លួន​។ “កាល​ណា​អ្នក​ចូលចិត្ត នោះ​អ្នក​នឹង​មាន​អារម្មណ៍​ធុញ នឿយណាយ ឬ​ពិបាក​ឡើយ…ហើយ​អ្នក​មាន​កម្លាំង​ចិត្ត​ធ្វើ​​វា​ដោយ​យក​ចិត្ត​ទុក​ដាក់”។


ទំនាក់ទំនង​ល្អ

ទំនាក់ទំនង គឺ​ជា​កត្តា​សំខាន់​រួម​ផ្សំ​ផង​ដែរ។ ទំនាក់ទំនង​ទី​នេះ មានន័យ​ថា ត្រូវ​ស្គាល់​គ្នា​ជាមួយ​អ្នក​ជំនាន់​មុន ជា​ពិសេស​អ្នក​ដែល​មាន​ប្រវត្តិ​សិក្សា​ល្អ សិស្ស​ពូកែ មិត្ត​រួម​ថ្នាក់ រួម​ជំនាន់ ព្រោះ​ ប៉េងហុក​យល់​ថា អ្នក​ទាំង​នោះ​អាច​ចែករំលែក​អ្វី​ដែល​គេ​មាន​ជុំវិញ​ការ​សិក្សា រួម​មាន​ឯកសារ និង​បទពិសោធន៍​ជាច្រើន​ដល់​យើង​បាន។

លើស​ពី​នេះ​ផង​ដែរ ប៉េងហុក​ ប្រាប់​ថា​លោក​ក៏​តែង​មាន​ទំនាក់ទំនង​ល្អ​ជាមួយ លោក​គ្រូ អ្នក​គ្រូ នាយក​សាលា​ជាដើម។ ក្រៅ​ពី​បាន​ផ្ដល់​ការ​អប់រំ ពន្យល់​មេរៀន​ដល់​សិស្ស លោក​គ្រូ អ្នក​គ្រូ នាយក​សាលា តែង​តែ​ផ្ដល់​ដំបូន្មាន​ល្អៗ តម្រង់​ផ្លូវ​សិស្ស និង​ជា​ពិសេស​ជួយ​លើក​ទឹកចិត្ត​ និង​ផ្ដល់​កម្លាំង​ចិត្ត​ដល់​សិស្ស​ជានិច្ច។ នេះ​ជា​អ្វី​ដែល​ប៉េងហុក​ រៀបរាប់។

ការ​ព្យាយាម​អនុវត្ត

“ទី១​អនុវត្ត ទី២​អនុវត្ត និង​ទី៣ អនុវត្ត…” ប៉េងហុក​រក​ឃើញ​ថា សេចក្ដី​ឧស្សាហ៍​ព្យាយាម ​អនុវត្ត​ជា​កត្តា​ធ្វើ​ឲ្យ​យើង​កាន់​តែ​មាន​ភាព​ងាយ​ស្រួល និង​កាន់​តែ​ចង់​សិក្សា។

កត្តា​ខាង​ក្រៅខ្លូន

គ្រួសារ មិត្តភ័ក្ដិ

ប៉េងហុក បន្ត​ថា​ក្រៅ​ពី​កត្តា​ខាង​ក្នុង​បាន​រៀបរាប់​ខាង​លើ ប៉េងហុក​គិត​ថា គ្រួសារ និង​មិត្តភ័ក្ដិ​ក៏​ជា​កត្តា​ជំរុញ​សំខាន់​ដូច​គ្នា។ មនុស្ស​គ្រប់​រូប​តែង​ត្រូវ​ការ​ការ​សរសើរ លើក​ទឹកចិត្ត ពី​អ្នក​ជុំវិញ។ ក្រុម​គ្រួសារ​របស់​ប៉េងហុក បាន​ផ្ដល់​ការ​លើក​ទឹកចិត្ត ដំបូន្មាន និង​ការ​ជំរុញ​ឲ្យ​ខិតខំ​សិក្សា​ជានិច្ច។ ចំណែក មិត្តភ័ក្តិ ក៏​បាន​ធ្វើ​ឲ្យ​ប៉េងហុក មិន​មាន​ការ​ធុញ​ទ្រាន់​ក្នុង​ការ​សិក្សា ចែក​រំលែក​គ្នា​ទៅវិញ​ទៅ​មក​នូវ​អ្វី​ដែល​មាន។

ពេលវេលា

សិស្ស​ គ្រប់​រូប​គួរ​ចេះ​គ្រប់គ្រង​ពេល​វេលា​សិក្សា​ឲ្យ​បាន​ល្អ។ ប៉េង​ហុក​ យុវ​សិស្ស​ឆ្នើម​ផ្នែក​គណិតវិទ្យា​ខាង​លើ យល់​ថា​ពេលវេលា​គឺ​ជា​មាស​ប្រាក់ ហើយ​ពេល​វេលា​ពិត​ជា​មាន​សារៈសំខាន់​សម្រាប់​យុវវ័យ​ដែល​ជា​វ័យ​គួរ​ស្រវា​ក្រេប​យក​ចំណេះដឹង។ យ៉ាង​ណា​មិញ សិស្ស​ពូកែ ង៉ោ ប៉េងហុក អះអាង​ថា រៀន​ពូកែ​បាន​គឺ​ទាមទារ​ពេល​វេលា​គ្រប់គ្រាន់​ជា​ចាំបាច់។ “ត្បិត​ប៉ា​ម៉ាក់​គាត់​អ្នក​រកស៊ី តែ​គាត់​មិន​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ពេល​វេលា​រៀន​សូត្រ​ខ្ញុំ​ទេ។

ឯកសារ

“ត្រូវ​ចេះ​ប្រមូល​ឯកសារ​ពាក់ព័ន្ធ​នានា…”។ ប៉េងហុក លើក​ឡើង​ដោយ​សង្កត់​ធ្ងន់​ថា សិស្ស​គ្រប់​រូប​មិន​អាច​រៀន​ពូកែ​បាន​ដោយ​មិន​មាន​ឯកសារ ឬ​ឯកសារ​មិន​គ្រប់​គ្រាន់​ឡើយ។ ប៉េងហុក បន្ត​ថា មាន​សៀវភៅ​ច្រើន​ដែល​មាន​នៅ​តាម​បណ្ណាគារ បណ្ណាល័យ និង​អ៊ីនធឺណិត ដែល​សិស្ស​គ្រប់​រូប​គួរ​ស្រវា​ស្វែងរក​ទុក​សម្រាប់​ជា​គំនិត គន្លឹះ និង​ដំណោះស្រាយ​កាន់​តែ​ច្រើន។

សម្រាប់​អ្នក​ដែល​មិន​សូវ​មាន​ប្រាក់​គ្រប់គ្រាន់​សម្រាប់​ការ​​ទិញ​ឯកសារ ប៉េងហុក​ចែករំលែក​បទពិសោធន៍​ថា​គួរ​ទំនាក់ទំនង​សាលា ចូល​អាន​ក្នុង​បណ្ណាល័យ​ក្នុង​សាលា សួរនាំ​សុំ​ខ្ចី​ពី​លោកគ្រូ​អ្នក​គ្រូ ជា​ពិសេស​សិស្ស​ច្បង​ជំនាន់​មុន។

តើ​មាន​វិធី​សាស្ត្រ​​អ្វី​ទើប​រៀន​គណិតវិទ្យា​ឲ្យ​ពូកែ​?

ចែករំលែក​ដល់​សិស្ស​ឯទៀត​ដែល​ចង់​រៀន​គណិតវិទ្យា​ឲ្យ​ពូកែ ឬ​ចង់​ក្លាយ​ជា​សិស្ស​ពូកែ​លំដាប់​ប្រទេស​ដូច​ជា​ខ្លួន សិស្ស​ឆ្នើម ង៉ោ ប៉េងហុក បាន​បង្ហាញ​វិធីសាស្ត្រ​ក្នុង​ការ​រៀន​គណិតវិទ្យា​ដូច​ខាង​ក្រោម៖

១.រៀបចំ​ផែនការ៖ កំណត់​ឲ្យ​បាន​ច្បាស់​ពី​គោលដៅ​របស់​ខ្លួន។ ឧ៖ អ្នក​ចង់​ក្លាយ​ជា​ម្ចាស់​ជយលាភី​លេខ​មួយ​ទូទាំង​ប្រទេស នៅ​ពេល​ណា ត្រូវ​រៀន​អ្វី​ខ្លះ ត្រូវ​បែងចែក​ពេលវេលា​បែប​ណា​ខ្លះ​សម្រាប់​មុខវិជ្ជា​ដទៃ រៀន​ប៉ុន្មាន​ម៉ោង​ក្នុង​មួយ​ថ្ងៃ រៀន​ពេល​ណា​ខ្លះ …។ ទាក់​ទង​ការ​រៀប​ផែនការ​នេះ ប៉េងហុក​រក​ឃើញ​ថា វា​អាច​ជួយ​មិន​ឲ្យ​យើង​ចំណាយ​ពេល​ឥត​ប្រយោជន៍ ដឹង​ច្បាស់​ពី​អ្វី​ដែល​ខ្លួន​ត្រូវ​ធ្វើ មិន​ច្របូកច្របល់ និង​ជា​ស្ពាន​សម្រាប់​យើង​ដើរ​ទៅ​ដល់​គោលដៅ​បាន។


២. ប្រមូល​ព័ត៌មាន៖ ស្វែងរក​ឯកសារ​ទាំង​អស់ ប្រមូល​ព័ត៌មាន​ឲ្យ​បាន​គ្រប់​គ្រាន់ កាន់​តែ​ច្រើន ​កាន់​តែ​ល្អ។

៣. វិភាគ៖ បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​គ្រប់គ្រាន់ ត្រូវ​ចេះ​ប្រើ​សម្រាប់​ការ​វិភាគ ដើម្បី​ផ្ទៀងផ្ទាត់​ពី​ចំណុច​ផ្សេងៗ​គ្នា​នៃ​ឯកសារ ទាំង​នោះ និង​គិត​ថា​តើ​មួយ​ណា​ដែល​អ្នក​ពេញ​ចិត្ត ឬ​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​អ្នក។

៤. រក​ដំណោះ​ស្រាយ៖ ដំណោះស្រាយ អ្នក​អាច​បាន​ពី​ការ​សិក្សា​នៅ​សាលា ការ​សិក្សា​ដោយ​ខ្លួន​ឯង ឯកសារ ឬ​កើត​ចេញ​ពី​ការ​គិត​របស់​អ្នក។

៥. និង​អនុវត្ត៖ ចំណុច​ពិសេស​របស់​គណិតវិទ្យា គឺ​ការ​គិត។ ប៉េងហុក​ប្រាប់​ថា កាលណា​អ្នក​អនុវត្ត​កាន់​តែ​ច្រើន នឹង​ធ្វើ​ឲ្យ​ការ​គិត​របស់​យើង​រីកចម្រើន និង​ធ្វើ​ឲ្យ​យើង​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ដោះស្រាយ​លំហាត់។

ចំណុច​សំខាន់​ៗ​ពាក់ព័ន្ធ​នឹង​គណិតវិទ្យា

-ត្រូវ​មាន​ជំនឿ​ចិត្ត៖ មិន​ថា​កិច្ចការ​អ្វី ការ​ចូលរួម​ការ​ប្រលង ដោះស្រាយ​លំហាត់ នានា​ត្រូវ​ធ្វើ​ឡើង​ដោយ​ភាព​ជឿជាក់។ ប្រសិន​បើ​អ្នក​មិន​មាន​ភាព​ជឿជាក់ អាច​នាំ​ឲ្យ​អ្នក​មាន​កំហុស ភ្លេច​​មេរៀន​ឬ​រូបមន្ត​ដែល​អ្នក​ធ្លាប់​ចេះ និង​មិន​ដឹង​ថា​ត្រូវ​ដោះស្រាយ​តាម​ផ្លូវ​ណា។
-ត្រូវ​អនុវត្ត​ឲ្យ​បាន​ច្រើន​ដោយ​ការ​រៀន​ដោះស្រាយ​និង​សរសេរ​ឲ្យ​បាន​ច្រើន៖ នៅ​ពេល​សរសេរ​ច្រើន​ អ្នក​នឹង​អាច​រក​ផ្លូវ​ចេញ​ឃើញ ជៀសវាង​ការ​គិត​ស្មុគស្មាញ​ពី​ដំបូង។
-លំហាត់​គណិតវិទ្យា​ភាគច្រើន ជា​ពិសេស​លំហាត់​បែប​សិស្ស​ពូកែ ច្រើន​តែ​លាក់​សម្មតិកម្ម​មួយ​ចំនួន ដូច​នេះ​ទាមទារ​ឲ្យ​អ្នក​សាកល្បង​ស្រាយ​ជា​បណ្ដើរៗ។
-ចាំ​រូបមន្ត៖ រូបមន្ត​ជា​ជា​អ្វី​ដែល​អ្នក​ត្រូវ​នឹក​ឃើញ​មុន​គេ ​នៅ​ពេល​អនុវត្ត​ការ​ដោះស្រាយ​លំហាត់
-ពីជគណិត និង​ធរណី​មាត្រ​ក៏​មាន​ទំនាក់ទំនង​គ្នា៖ រូបមន្ត​ពីជគណិត​មួយ​ចំនួន​អាច​យក​មក​អនុវត្ត​ក្នុង​លំហាត់​ធរណីមាត្រ និង​ច្រាស​មក​វិញ។ ដូច​នេះ​នេះ​ជា​ចំណុច​ដែល​សិស្ស​គ្រប់​រូប​ត្រូវ​តែ​ដឹង ហើយ​កុំ​គិត​ថា​ មិន​ទាក់ទង​គ្នា ឬ​គិត​ថា​មួយ​ណា​ពិបាក​ជាង​មួយ​ណា​នោះ។
-វត្តមាន​ក្នុង​ថ្នាក់៖ មាន​បុគ្គល​មួយ​ចំនួន​គិត​ថា ការ​រៀន​នៅ​ក្នុង​ថ្នាក់​មិន​សូវ​សំខាន់​នៅ​ពេល​ដែល​គេ​គិត​ថា​ខ្លួន​គេ​ពូកែ​គ្រប់គ្រាន់ តែ​ផ្ទុយ​ទៅ​វិញ សិស្ស​មិន​គួរ​នឿយណាយ​ការ​ពន្យល់​របស់​លោក​គ្រូ​អ្នក​គ្រូ​ព្រោះ​​លោក​តែង​តែ​នាំ​ចំណេះ​ដឹង​ថ្មីៗ​ជា​និច្ច​ដល់​យើង ហើយ​ម្យ៉ាង​ទៀត​លោក​មាន​បទ​ពិសោធន៍​ធ្លាប់​ជួប​ប្រភេទ​លំហាត់ ក៏​ដូច​ជា​ដំណោះស្រាយ​ជា​ច្រើន​មុន​យើង។
-អនុវត្ត​ការ​គិត​ជានិច្ច ទើប​ងាយ​ស្រួល​រៀន​គណិតវិទ្យា ព្រោះ​គណិតវិទ្យា​ទាមទារ​ការ​ប្រើ​ការ​គិត​ឲ្យ​បាន​ច្រើន។

ង៉ោ ប៉េងហុក​សិស្ស​ពូកែ​ដែល​មាន​ស្រុក​កំណើត​​ក្នុង​ខេត្ត​ពោធិសាត់ និង​​ផ្លាស់​ទីលំនៅ​មក​កាន់​ទីក្រុង​ភ្នំពេញ នៅ​ឆ្នាំ ២០១០។ សព្វថ្ងៃ​ ប៉េងហុក ជា​សិស្ស​ថ្នាក់​ទី​១២ នៅ​វិទ្យាល័យ​បាក់ទូក។ យុវ​សិស្ស​រូប​នេះ​បាន​នាំ​កេរ្តិ៍ឈ្មោះ​ដល់​ខ្លួន​ គ្រួសារ សាលា​រៀន និង​ប្រទេស​ជាតិ​ទាំង​មូល​ដោយ នៅ​ឆ្នាំ ២០១០ ប៉េងហុក​បាន​នាំ​យក​មេដាយ សំរឹទ្ធ​ពី​ការ​ប្រកួត​សិស្ស​ឆ្នើម​ថ្នាក់​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក នៅ​ទីក្រុង​ហុង កុង ហើយ​ថ្មីៗ​នេះ ប៉េងហុក បាន​ទទួល​ចំណាត់​ថ្នាក់​លេខ​២ ផ្នែក​គណិតវិទ្យា​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា។ អ្វី​ដែល​ជា​មោទនភាព​​បំផុត និង​គួរ​កោតសរសើរ​សម្រាប់​យុវ​សិស្ស ង៉ោ ប៉េងហុក​​ជាំង​នេះ​ទៅ​ទៀត​ គឺ​ប្អូន​បាន​ចង​ក្រង​សៀវភៅ​គន្លឹះ​សំខាន់ៗ​គណិតវិទ្យា​សម្រាប់​ជា​ការ​ចូលរួម​ចែករំលែក​ដល់​យុវ​សិស្ស​ដទៃ​ទៀត ក្នុង​ន័យ​ធ្វើ​ឲ្យ​វិស័យ​គណិតវិទ្យា​កាន់​តែ​ល្អ​ប្រសើរ​ឡើង។ សៀវភៅ គណិតវិទ្យា​ភាគ១ ​ដែល​បាន​ចង​ក្រង​ដោយ​សិស្ស​ឆ្នើម​រូប​នេះ កំពុង​ចរាចរ​ក្នុង​ទីផ្សារ​ក្នុង​ស្រុក ហើយ​នៅ​ពេល​ខាង​មុខ​ដ៏​ខ្លី សៀវភៅ​គណិតវិទ្យា​ភាគ​២ របស់​ប្អូន​នឹង​មាន​វត្តមាន​​ទុក​ជា​ឯកសារ​សម្រាប់​សិស្សានុសិស្ស​ទូទៅ​ជា​បន្ត​៕

0 comments:

Powered by Blogger.

About Me

My photo
prey veng, Lo 03 villige, Cambodia
ខ្ញុំបាទឈ្មោះ ភាព សុវណ្ណះ ជាសិស្សថ្នាក់ទី11 A នៃវិទ្យាល័យព្រះអង្គឌួង។

អង្គការជាទីស្រលាញ់របស់ខ្ញុំ

អង្គការជាទីស្រលាញ់របស់ខ្ញុំ

facebook

យាយ ហុង

យាយ ហុង

តា​លៀង

តា​លៀង

តារបស់ខ្ញុំ

តារបស់ខ្ញុំ
តា លាស់

អ្នកឧបត្ថម

អ្នកឧបត្ថម

ហាងលក់ទូរស័ព្ទ

Acleda bank

អំពី everyday in cambodia

អំពី  everyday in cambodia
everyday

Pages

Phreas Vihea Temple

sabay.com

Popular Posts

Recent Posts

Text Widget